កីឡាករ Alejandro Garnacho ត្រូវបានកីឡាករ Angel Di Maria ប្រាប់ឱ្យឈប់ធ្វើត្រាប់តាមកីឡាករ Cristiano Ronaldo ហើយគួរធ្វើត្រាប់តាមកីឡាករ Lionel Messi វិញ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មានសំណាងដោយធ្លាប់បានលេងជាមួយកីឡាករ Cristiano Ronaldo នៅក្រុម Manchester United និងជាមួយកីឡាករ Lionel Messi នៅក្រុមជម្រើសជាតិអាហ្សង់ទីន ហើយក៏ជាអ្នកគាំទ្រកីឡាករទាំងពីររូបនេះផងដែរ។
កីឡាករ Alejandro Garnacho តែងតែកោតសរសើរ និងស្រឡាញ់ទៅលើកីឡាករ Lionel Messi ប៉ុន្តែរូបគេក៏ធ្វើរឿងនេះដូចគ្នាទៅកាន់កីឡាករ Cristiano Ronaldo។ លើសពីនេះទៅទៀត កីឡាករវ័យ ១៩ ឆ្នាំរូបនេះក៏ទើបនឹងអបអរគ្រាប់បាល់បញ្ចូលទីតាមស្ទាយកីឡាករ Cristiano Ronaldo ក្នុងជំនួបជាមួយក្រុម Everton កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ និងធ្លាប់ត្រូវគេបានឃើញថាកីឡាកររូបនេះបានប្រើប្រាស់ខោក្នុង និងស្បែកជើងម៉ាក CR7 ដូចគ្នា។
កីឡាករ Angel Di Maria ដែលធ្លាប់លេងជាមួយកីឡាករទាំងពីររូបនេះដូចកីឡាករ Alejandro Garnacho បានប្រាប់ទៅកាន់សារព័ត៌មាន Ole ថា៖
អ្វីដែលខ្ញុំមិនធ្វើនោះ គឺអបអរស្ទាយ Cristiano។ ខ្ញុំអាចនឹងស៊ុតបញ្ចូលទី ហើយធ្វើតាម Messi ទៅវិញទេ។ Garnacho គឺជាកីឡាករដែលលឿន ថែមទាំងមានសមត្ថភាពអស្ចារ្យ។ គេនឹងទទួលបានបទពិសោធន៍ជាច្រើនបន្ថែមទៀត និងលេងក្នុងឈុតក្រុមជម្រើសជាតិ ដោយទីនោះគឺជាទីកន្លែងដែលរូបគេអាចហ្វឹកហាត់បន្ថែម និងបន្តអភិវឌ្ឍទម្រង់លេងរបស់រូបគេ។ ការហាត់នៅក្រុមជម្រើសជាតិបានជួយខ្ញុំច្រើនណាស់ ទាំងបច្ចេកទេស និងគ្រប់បែបយ៉ាង ពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំគិតថាគេនឹងទទួលបានបទពិសោធន៍បន្ថែមទៀត។ កាលខ្ញុំនៅក្មេង ខ្ញុំតែងតែចង់លេងឱ្យខ្លាំងជាងសមត្ថភាពខ្លួនរហូតដល់ទៅ ៣០ ដងក្នុងការប្រកួត។ ប៉ុន្មានឆ្នាំក្រោយ អ្នកនឹងដឹងខ្លួនថា អ្នកបានលេងប្រសើរជាងមុន ១០ ដងហើយ ប៉ុន្តែអ្នកត្រូវតែប្រឹងបន្ថែមទៀត ព្រោះវាមានតម្លៃណាស់។ Garnacho មានអនាគតវែងឆ្ងាយ។ វាពឹងពាក់ទៅលើរូបគេ ការគិតរបស់គេ ដើម្បីសម្រេចវាឱ្យបាន។ ខ្ញុំគ្មានអ្វីនិយាយច្រើនទេ ហើយនេះជាមូលហេតុដែលរូបគេកំពុងលេងឱ្យក្រុម Manchester United។
គួរបញ្ជាក់ផងដែរថា កីឡាករ Alejandro Garnacho បានបង្ហាញខ្លួនជាច្រើនសម្រាប់ក្រុម Manchester United បន្ទាប់ពីការចាកចេញដ៏ភ្ញាក់ផ្អើលរបស់កីឡាករ Cristiano Ronaldo កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ និងកំពុងតែហ្វឹកហាត់បន្ថែមដើម្បីលេងឱ្យក្លិបអាជីព និងក្រុមជម្រើសជាតិឱ្យបានជាប់លាប់ផងដែរ៕