កីឡាករ Bruno Guimaraes កំពុងមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់រូបគេនៅទឹកដី St James’ Park របស់ក្រុម Newcastle United ស្របពេលក្រុមមួយនេះកំពុងមានការងារជាច្រើន ដើម្បីធ្វើមិនឱ្យប៉ះពាល់ច្បាប់ហិរញ្ញវត្ថុ។ ការលក់ចេញកីឡាករ Bruno Guimaraes អាចនឹងទៅរួច ស្របពេលកីឡាកររូបនេះកំពុងទទួលការចាប់អារម្មណ៍ពីក្លិបបាល់ទាត់ធំៗក្នុងតំបន់អឺរ៉ុប។
យោងតាមសារព័ត៌មាន The Mirror បានឱ្យដឹងថា ក្រុម Paris Saint-Germain ដែលមានមូលដ្ឋាននៅប្រទេសបារាំង កំពុងតែតាមដានលើកីឡាករ Bruno Guimaraes និងចាត់ទុកថាកីឡាកររូបនេះជាគោលដៅដ៏សំខាន់មួយផងដែរ។ ក្រុម Paris Saint-Germain ក៏កំពុងតែព្យាយាមទាក់ទងទៅកាន់ភ្នាក់ងារកីឡាករ Bruno Guimaraes ជុំវិញករណីនេះដូចគ្នា។
ក្រុមអធិរាជស Real Madrid ក៏បានចាប់អារម្មណ៍លើកីឡាករវ័យ ២៦ ឆ្នាំរូបនេះផងដែរ ប៉ុន្តែតម្លៃខ្លួនរបស់កីឡាកររូបនេះ គឺមិនតិចនោះឡើយ។ បន្ទាប់ពីចូលរួមជាមួយក្រុម Newcastle United ពីក្រុម Lyon ក្នុងតម្លៃខ្លួន ៣៤ លានផោន ក្នុងខែមករា ឆ្នាំ២០២២ រួចមក កីឡាករ Bruno Guimaraes ក៏បានចុះកុងត្រាជាមួយក្រុម Newcastle United ដែលមានរយៈពេលយូរ។
គួរបញ្ជាក់ផងដែរថា កីឡាករ Bruno Guimaraes មិនប្រញាប់ក្នុងការចាកចេញពីក្រុម Newcastle United ឡើយ ស្របពេលរូបគេមានអារម្មណ៍ថាទទួលបានការគាំទ្រពីប្រិយមិត្តយ៉ាងខ្លាំង។ លើសពីនេះទៅទៀត កីឡាករ Bruno Guimaraes ក៏មានអារម្មណ៍ថារូបគេមានអារម្មណ៍ងាយស្រួលក្នុងការរស់នៅក្នុងប្រទេសអង់គ្លេសជាមួយក្រុមគ្រួសាររបស់រូបគេ ស្របពេលការបង្ហាញខ្លួនរបស់រូបគេឱ្យក្រុម Newcastle United ជិតគ្រប់ ១០០ ប្រកួតហើយ៕