ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Marcus Rashford ត្រូវបានក្លឹបដាក់ពិន័យជាទឹកប្រាក់ចំនួន ៦៥មុឺនផោន បន្ទាប់ពីកីឡាករសញ្ជាតិអង់គ្លេសខាងលើ ត្រូវបានគេប្រទះឃើញនៅក្នុងក្លិបកម្សាន្តរាត្រីមួយនៅក្នុងប្រទេសអៀកឡង់ខាងជើង។
ជាការពិតណាស់ កាលពីថ្ងៃសុក្រកន្លងទៅនេះ Rashford បានប្រាប់ទៅកាន់ក្លឹបថា រូបគេនឹងមិនបានចូលរួមហ្វឹកហាត់ឡើយ ដោយសារ ខ្លួនឈឺ ព្រមទាំង អវត្តមានក្នុងជ័យជម្នះ ៤ទល់នឹង២ លើ ក្រុម Newport County នៃពានរង្វាន់ FA CUP ទៀតផង ប៉ុន្តែ គេបែរជាប្រទះឃើញរូបគេនៅក្នុងក្លិបរាត្រីមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ទៅវិញ។
ទាក់ទងនឹងរឿងខាងលើ អ្នកចាត់ការក្រុមលោក Erik ten Hag បានលើកឡើងថា លោកនឹងដោះស្រាយបញ្ហានេះជាមួយ Rashford ប៉ុន្តែ លោកក៏មិនទាន់ហ៊ាននិយាយថា សមីខ្លួនកុហកលោកឬអត់ ប៉ុន្តែ បើយោងតាមការចុះផ្សាយរបស់ The Sun បានបញ្ជាក់ថា Man UTD បានសម្រេចពិន័យរូបគេជាទឹកប្រាក់ចំនួន ៦៥មុឺនផោន ចំពោះខុសឆ្គងខាងលើ ពោលស្មើនឹងប្រាក់ពលកម្មរបស់ Rashford ចំនួនពីរសប្តាហ៍៕