តំណាងជាប្រធានក្រុម Virgil van Dijk ក៏ជាកីឡាករ Liverpool ដំបូងដែរ បានចេញមកនិយាយពាក់ព័ន្ធនឹងការប្រកាសលាឈប់របស់ Jurgen Klopp ពីតំណែងអ្នកចាត់ការក្លឹបហង្សក្រហមនាបញ្ចប់រដូវកាលខាងមុខ។ កន្លងទៅមានការប្រកាសដ៏ភ្ញាក់ផ្អើល ត្រង់គ្រូសញ្ជាតិអាល្លឺម៉ង់ ថាដោយសារលោកហត់នឿយ និងគិតថាអស់ថាមពលពីខ្លួនទៅហើយក្នុងការដឹកនាំ។
Klopp ដែលមកកាន់តំណែងតាំងខែតុលា ឆ្នាំ ២០១៥ ត្រូវអស់សុពលភាពកុងត្រានៅឆ្នាំ ២០២៦ ឯណោះ តែបានចាកចេញមុនកាលកំណត់។ បានគ្រូខាងលើនេះហើយជាអ្នកដឹកនាំ Liverpool ឆ្ពោះទៅការលើកពានលីគកំពូលក្រោយខកខានអស់រយៈពេល ៣០ ឆ្នាំ កាល ២០២០។
ងាកទៅចំណាប់អារម្មណ៍យល់ឃើញរបស់ប្រធានក្រុមសញ្ជាតិហូឡង់៖ “វាជាការសម្រេចចិត្តដ៏ពិបាកមួយ នេះអ្នកចាត់ការគាត់ពិតជាមានអត្ថន័យសំខាន់ណាស់សម្រាប់ពួកយើង ក៏សម្រាប់ក្លឹប និងសម្រាប់ Premier League ទាំងមូល តាមខ្ញុំគិត តែវាការសម្រេចចិត្តរបស់គាត់សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារផងដែរ”។
លោកបន្ត៖ “ពិតហើយគាត់បាននិយាយប្រាប់យើងជាលក្ខណៈឯកជន ប្រាប់អ្នករាល់គ្នា យើងមានគោលដៅច្រើនចង់សម្រេចក្នុងឆ្នាំនេះ ហេតុអ្វីយើងមិនព្យាយាមធ្វើឲ្យបានខ្ពស់រួមគ្នា និងអបអរលើកចុងក្រោយជាមួយនឹងចៅហ្វាយ [Klopp] របស់យើង”។ រំឭកថារដូវកាល ២០២៣/២៤ ក្លឹបម្ចាស់ដី Anfield សេសសល់ឱកាសលើកពាន ៤ តួយ៉ាងគឺ Europa League, Premier League, FA Cup និង EFL Cup៕