យោងតាមរាបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា កីឡាករ Pierre-Emile Hojbjerg ក្នុងបើកចំហរឱកាសក្នុងការចាកចេញពីក្លិប Tottenham Hotspur នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
ជាក់ស្តែងកីឡាករសញ្ជាតិដាណឺម៉ាក បានចូលរួមជាមួយ Spurs ពី Southampton ក្នុងតម្លៃប្រហែល ១៥លានផោនក្នុងរដូវក្តៅឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមកគេបានបង្ហាញខ្លួន ១៦៧ ប្រកួត ដោយរកបាន ១០ គ្រាប់ និង assist ១៦ លើក។
តែទោះជាយ៉ាងណាក៏ដោយ Hojbjerg ហាក់បាត់បង់តំណែងលេងរបស់គេ ចាប់តាំងពីអ្នកចាត់ការ Ange Postecoglou បានចូលមកដឹកនាំក្រុមកាលពីរដូវក្តៅមុនមក ដែលនាំឱ្យមានការរំពឹងទុកជាច្រើនជុំវិញអនាគតគេនៅក្នុងក្រុម។
ហើយឥឡូវនេះ បើយោងតាមអ្នករាយការណ៍ពី Sky Sports Deutschland បានអះអាងថា Hojbjerg កំពុងបើកចំហរឱកាស ក្នុងការស្វែងរកការប្រកួតប្រជែងថ្មីនៅឆ្ងាយពី Tottenham ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ ចំពេលក្លិបយក្សអ៊ីតាលី Juventus បានទាក់ទងគេជាយូរមកហើយ៕