ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Al-Nassr ត្រូវបានគេរាយការណ៍មកថា កំពុងជំរុញឲ្យក្លិបរបស់ខ្លួន ធ្វើការចុះហត្ថលេខាលើខ្សែបម្រើ Casemiro របស់ក្រុមបិសាចក្រហម Manchester United ក្នុងអំឡុងទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខនេះ។
ជាក់ស្តែង Casemiro បច្ចុប្បន្នមានកុងត្រាជាមួយក្លិបម្ចាស់ដី Old Trafford រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឯណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នអនាគតរបស់កីឡាករសញ្ជាតិប្រេស៊ីល ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង។
ជុំវិញស្ថានភាពបែបនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Foot Mercato បានអះអាងថា Ronaldo បាននិយាយជាមួយឥស្សរជនជាន់ខ្ពស់នៅក្នុងក្លិប Al-Nassr ដើម្បីពិភាក្សាជុំវិញលទ្ធភាពក្នុងការផ្ទេរយកអតីតមិត្តរួមក្រុមរបស់គេ មកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត នៅរដូវក្តៅខាងមុខនេះ។
ជម្រាបជូនផងដែរថា Ronaldo ទទួលបានភាពជោគជ័យយ៉ាងធំធេងពេលក្នុងការចំណាយពេលរួមគ្នាជាមួយ Casemiro នៅ Real Madrid ខណៈពេលដែលអ្នកទាំងពីក៏បានលេងជាមួយគ្នាក្នុងរយ:ពេលខ្លីមួយ នៅក្នុងក្រុម Man United ផងដែរ មុនខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់សម្រេចចិត្តចាកចេញ ទៅកាន់លីគកំពូលរបស់អារ៉ាប់៕