ពេលនេះកីឡាករ Eric Dier រកបានទ្រនំថ្មីហើយ បន្ទាប់ពីចំណាយពេល 10 ឆ្នាំនៅ Spurs

wolf246 News Post 15

ខ្សែការពារក្រុម Tottenham Hotspur កីឡាករ Eric Dier បានចូលរួមជាមួយក្រុម Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ដំណាច់រដូវកាលនេះ។ ព័ត៌មានលម្អិតអំពីចំណុចហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញដោយក្លិបបាល់ទាត់ទាំងពីរឡើយ ស្របសារព័ត៌មានរបស់អង់គ្លេសបានបញ្ជាក់ថាក្រុម Bayern Munich បានចំណាយ ៣.៥ លានអឺរ៉ូ (៣.៨៤ លានដុល្លារសហរដ្ឋអាមេរិក) ទៅឱ្យ Spurs សម្រាប់កីឡាករវ័យ ២៩ ឆ្នាំរូបនេះ។

កីឡាករ Eric Dier សល់កុងត្រាត្រឹមរយៈពេល ៦ ខែប៉ុណ្ណោះជាមួយក្លិបបាល់ទាត់ Tottenham Hotspur ដោយបានបង្ហាញខ្លួនច្រើនជាង ៣០០ ប្រកួតសម្រាប់ក្រុមចាប់តាំងពីឆ្នាំ២០១៤ មក។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់លោក Ange Postecoglou ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មក កីឡាករ Eric Dier បង្ហាញខ្លួនបានត្រឹម ៤ ប្រកួតប៉ុណ្ណោះ។

ក្រុម Bayern Munich បាននិយាយពីកីឡាករ Eric Dier ថា៖

គេគឺជាកីឡាករ ដែលយើងចង់បានយូរហើយ ដោយយើងចង់បានរូបគេក្នុងទីផ្សារដោះដូរកីឡាករខែនេះ។ Eric នឹងពង្រឹងប្រព័ន្ធការពាររបស់ពួកយើង។ សមត្ថភាព និងបទពិសោធន៍លក្ខណៈអន្តរជាតិរបស់រូបគេនឹងជួយក្រុមទាំងនៅលើទីលាន និងបន្ទប់ផ្លាស់សម្លៀកបំពាក់។

កីឡាករ Eric Dier ដើមឡើយលេងក្នុងតំបន់បម្រើការពារក្រោមការដឹកនាំរបស់លោក Mauricio Pochettino ប៉ុន្តែកីឡាកររូបនេះក៏អាចលេងក្នុងតំបន់ការពារកណ្ដាលផងដែរ។ ការផ្ទេរទៅកាន់ក្រុម Bayern Munich នេះមានន័យថាកីឡាករ Eric Dier នឹងត្រូវលេងជាមួយមិត្តរួមក្រុមចាស់របស់រូបគេគឺកីឡាករ Harry Kane ដែលកំពុងធ្វើព្យុះធ្វើភ្លៀងនៅប្រទេសអាល្លឺម៉ង់។

គួរបញ្ជាក់ផងដែរថា ក្រុម Bayern Munich កំពុងស្ថិតនៅលេខរៀងទី២ នៃកំពូលតារាង Bundesliga ដោយតាមពីក្រោយក្រុម Bayer Leverkusen ៤ ពិន្ទុ ដោយសល់មួយប្រកួតក្នុងដៃ៕

Similar Posts