Man Utd ទំនងជាជះលុយសន្ធឹកសន្ធាប់យកកីឡាករ Real Madrid មួយរូបនេះ

wolf246 News Post 13

កីឡាករ Vinicius Junior បង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយស៊ុតបាន Hat-trick ក្នុងជំនួបជាមួយនឹងក្រុម Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Supercopa។ តំបន់បម្រើខាងឆ្វេងនេះ ត្រូវបានកីឡាករ Vinicius Junior ម៉ៅផ្តាច់តែម្តង សម្រាប់កីឡាករប្រេស៊ីលមួយរូបនេះ ប៉ុន្តែរូបគេអាចនឹងមានការប្រជែងដ៏ធំពីវត្តមានកីឡាករ Kylian Mbappe ដោយកីឡាករសញ្ជាតិបារាំងរូបនេះ កំពុងមានទំនាក់ទំនងផ្ទេរមកកាន់ក្រុម Real Madrid ដោយគ្មានតម្លៃខ្លួនពីក្រុម Paris Saint-German នារដូវក្តៅខាងមុខនេះ ជាមួយនឹងប្រាក់នឿយហត់ ៦ សែនផោនក្នុងមួយសប្តាហ៍។

បើទោះបីជាគ្មានតម្លៃខ្លួនក្តី ក៏ថ្លៃនឿយហត់របស់កីឡាករ Kylian Mbappe នឹងធ្វើឱ្យក្រុម Real Madrid ចំណាយលើរូបគេ ៣០ លានផោនក្នុងមួយឆ្នាំស្មើនឹង ១៥០ លានផោនក្នុងមួយកុងត្រាផងដែរ។ យោងតាមសារព័ត៌មាន Sport បានឱ្យដឹងថា ក្រុម Real Madrid អាចនឹងគិតគូរលក់កីឡាករ Vinicius Junior ចេញ ប្រសិនបើមានក្រុមណាអាចឱ្យតម្លៃសមរម្យណាមួយ។

ចំពោះការចង់លក់ចេញកីឡាករ Vinicius Junior មួយនេះ គេក៏លើកឡើងពីក្រុមបិសាចក្រហម Manchester United ដោយទើបនឹងទទួលបានម្ចាស់ភាគហ៊ុនថ្មីគឺលោក Jim Ratcliffe ដោយបន្ទាប់ពីការបណ្ដាក់ទុនរបស់លោកនោះ គេជឿជាក់ថាក្រុម Manchester United អាចនឹងហ៊ានចំណាយលុយរហូតដល់ទៅ ១៣០ លានផោនសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលមួយរូបនេះ។

យោងទៅតាមសារព័ត៌មានក៏បានចង្អុលបង្ហាញនូវបញ្ហាជាច្រើនចំពោះការចាកចេញរបស់កីឡាករ Vinicius Junior ដោយការប្រជែងយកដំណែងបម្រើស្លាបឆ្វេងជារឿងមួយ ស្របពេលរឿងមួយទៀតគឺកីឡាករ Vinicius Junior មិនមែនជាកីឡាករចំណូលចិត្តរបស់អ្នកគាំទ្រ Real Madrid ឡើយ។ ម្យ៉ាងវិញទៀត ក្នុងអំឡុងពេលដែលកីឡាករ Vinicius Junior របួស ក្រុម Real Madrid ហាក់បីដូចជាគ្មានបញ្ហាឡើយចំពោះអវត្តមានរបស់រូបគេ។

យ៉ាងណាមិញ ក៏មានមតិជាច្រើនលើកឡើងថាកីឡាករ Vinicius Junior នៅតែជាកីឡាករដ៏សំខាន់សម្រាប់ក្រុម Real Madrid ដោយការចាកចេញរបស់រូបគេអាចកើតឡើង ប្រសិនបើតម្លៃខ្លួនរបស់គេត្រូវបានស្នើឱ្យស័ក្តិសម។ សម្រាប់ក្រុម Manchester United កីឡាករ Vinicius Junior អាចជាជម្រើសមួយដែលពួកគេនឹងគិត ស្របពេលដែលពួកគេកំពុងតែចាប់អារម្មណ៍លើកីឡាករ Michael Olise ដូចគ្នា៕

Similar Posts