យោងតាមអ្នកសារព័ត៌មាន Fabrizio Romano បានឱ្យដឹងថាកីឡាករ Amad Diallo គ្មានបំណងចាកចេញពីក្រុមបិសាចក្រហម Manchester United ឡើយ ក្នុងខែមករា ឆ្នាំ២០២៤ នេះ បើទោះបីជាមានព័ត៌មានទាក់ទងនឹងការខ្ចីជើងក្តី។ ព័ត៌មានជាច្រើនបានចុះផ្សាយជុំវិញអនាគតរបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ ហើយសាមីខ្លួនក៏បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនចង់បន្តលេងឱ្យក្រុម Manchester United។
ក្រុម Middlesbrough ដែលមានលោក Michael Carrick ជាគ្រូបង្វឹកនោះ បានចាប់អារម្មណ៍មកលើកីឡាករសញ្ជាតិកូតឌីវ័ររូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។ យ៉ាងណាមិញ កីឡាករ Amad Diallo ពុំចង់ចូលរួមឡើយ ដោយសារតែកីឡាកររូបនេះចង់បង្ហាញការគោរពទៅកាន់ក្រុម Sunderland ដែលរូបគេបានលេងក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ ម្យ៉ាងវិញទៀត កីឡាករ Amad Diallo ថា ព័ត៌មានដែលចុះផ្សាយអំពីទំនាក់ទំនងរូបគេជាមួយក្រុម Birmingham នោះ មិនមែនជាការពិតឡើយ។
កីឡាករ Amad Diallo បានអវត្តមានសម្រាប់ក្រុម Manchester United ជាយូរណាស់មកហើយក្នុងរដូវកាលនេះ ដោយសារតែបញ្ហារបួសជង្គង់។ ប៉ុន្តែរូបគេបានត្រឡប់មកជួយក្រុមវិញហើយ ចាប់តាំងពីមុនដំណាច់ឆ្នាំ២០២៣ និងលេងបាន ២ ប្រកួតរួចមកហើយ។
ដោយខកខានក្នុងការចូលរួមលេងជាមួយក្រុមជម្រើសជាតិកូតឌីវ័រ ក្នុងព្រឹត្តិការណ៍ Africa Cup of Nations កីឡាករ Amad Diallo អាចនឹងវត្តមានក្នុងការប្រកួតដែលក្រុម Manchester United ត្រូវប៉ះគ្នាជាមួយក្រុម Newport County សម្រាប់ពានរង្វាន់ FA Cup នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤៕