ក្រុមកាំភ្លើងធំ Arsenal គ្រោងនឹងពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ បន្ទាប់ពីកីឡាករ Gabriel Jesus កីឡាករ Eddie Nketiah និងកីឡាករ Kai Havertz បង្ហាញទម្រង់លេងពុំសូវបានល្អឡើយក្នុងរដូវកាល ២០២៣-២០២៤ នេះ។
យោងតាមសារព័ត៌មាន TEAMtalk បានឱ្យដឹងថាលោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal មានគម្រោងចង់យកកីឡាករ Karim Benzema មកចូលរួមក្រុមរបស់ខ្លួន។ កីឡាករសញ្ជាតិបារាំងវ័យ ៣៦ ឆ្នាំរូប ដែលឈ្នះពានរង្វាន់ Ballon d’Or កាលពីឆ្នាំ២០២២ រូបនេះ បានចាកចេញពីតំបន់អឺរ៉ុបទៅលេងនៅទឹកដីមជ្ឈិមបូព៌ាសព្វថ្ងៃនេះ។
ក្រុមបិសាចក្រហម Manchester United ក៏មានទំនាក់ទំនងជាមួយនឹងកីឡាករ Karim Benzema ដូចគ្នា ស្របពេលក្រុមតោខៀវ Chelsea ក៏កំពុងតែស្វែងរកខ្សែប្រយុទ្ធទល់លេង ៩ មករួមក្រុមដូចគ្នា។
គួរបញ្ជាក់ផងដែរថា ក្រុម Arsenal ក៏បង្ហាញការចាប់អារម្មណ៍លើកីឡាករ Ivan Toney របស់ក្រុម Brentford ផងដែរ ប៉ុន្តែក្រុម Brentford អាចនឹងចង់បានតម្លៃខ្លួនរាងថ្លៃបន្តិចសម្រាប់ខ្សែប្រយុទ្ធមួយរូបនេះ។ ក្រុមកាំភ្លើងធំ Arsenal អាចនឹងពិចារណាក្នុងការនាំយកកីឡាករ Karim Benzema មកចូលរួមក្រុម ដើម្បីដោះស្រាយវិបត្តិតំបន់ប្រយុទ្ធមួយចំនួនផងដែរ៕