នាពេលថ្មីៗនេះ បន្ទាប់ពីមានលទ្ធផលដឹកនាំមិនសូវល្អក្លិប AS Roma នៅក្របខណ្ឌ Serie A បានធ្វើការប្រកាសថា គ្រូបង្វឹក លោក Jose Mourinho ត្រូវបានបណ្តេញចេញពីតំណែងហើយ ក្រោយបានចំណាយពេលដឹកនាំក្រុមអស់រយៈពេល ២ឆ្នាំកន្លះ ។
ជាក់ស្តែង អតីតគ្រូបង្វឹក Manchester United, Chelsea និង Tottenham Hotspur ត្រូវបានប្រកាសចាកចេញ បន្ទាប់ពីដឹកនាំក្រុមមិនឈ្នះ ៣ ប្រកួតជាប់ៗគ្នា ដោយលើកចុងក្រោយបានបរាជ័យ ៣–១ ក្រោមថ្វីជើងរបស់ក្រុម AC Milan កាលពីចុងសប្តាហ៍កន្លងទៅ។ ទន្ទឹមនឹងនេះ Roma ក៏ត្រូវបានទម្លាក់ចេញពីពានរង្វាន់ Coppa Italia ក្រោមថ្វីជើងរបស់ក្រុម Lazio ផងដែរ។
តាមរយ:សេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ក្លិប បានសរសេរថា៖ “AS Roma អាចបញ្ជាក់បានថា Jose Mourinho និងបុគ្គលិកគ្រូបង្វឹករបស់គាត់ នឹងចាកចេញពីក្លិប។ ដូច្នេះហើយជំនួយការគ្រូបង្វឹកនឹងត្រូវឡើងមកជំនួសតំណែងជាបណ្តោះអាសន្ន ក្នុងពេលឆាប់ៗនេះ។”
ជាងនេះទៅទៀត ម្ចាស់ក្លិប Roma លោក Dan Friedkin និង Ryan Friedkin ក៏បានចេញលិខិតថ្លែងអំណរគុណចំពោះបុរសវ័យ ៦០ ឆ្នាំរូបនេះផងដែរ ដោយបន្ថែមថា៖ “យើងសូមថ្លែងអំណរគុណដល់លោក José ក្នុងនាមពួកយើងជាថ្នាក់ដឹកនាំនៅ AS Roma សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ ចាប់តាំងពីគាត់បានមកដល់ក្លិបមក។ ”
លោក Mourinho បានឡើងមកកាន់តំណែងនៅ Roma កាលពីខែឧសភា ឆ្នាំ២០២១។ លោកបានជួយឱ្យក្លិបអ៊ីតាលីមួយនេះឈ្នះពាន UEFA Conference League ដែលពានកម្រិតទី៣ នៃក្របខណ្ឌអឺរ៉ុបកាលពីឆ្នាំ២០២២ ហើយជួយឱ្យក្លិបឡើងវគ្គផ្ដាច់ព្រ័ត្រ UEFA Europa League កាលពីរដូវកាលមុន។
យ៉ាងណាមិញ នៅក្នុងរដូវកាលនេះ ក្លិបអ៊ីតាលីមួយនេះបង្ហាញទម្រង់លេងមិនសូវល្អ ដោយពេលនេះដែរកំពុងតែជាប់លេខ ៩ នៅតារាងលីគកំពូលអ៊ីតាលី ដោយមាន ២៩ពិន្ទុក្នុងដៃ ពិការប្រកួតចំនួន២០លើក៕